- អ្នកសារព័ត៌មានម្នាក់ដែលជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្តឹងប្រឆាំងនឹងក្រុមទាហានក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៧០ (ង៧០) ដែលលោកចោទថាបានរួមដៃគ្នាប្រើហិង្សាវាយមកលើរូបលោក បណ្តាលឲ្យហូរឈាមតាមមាត់ ច្រមុះ និងសន្លប់ ក្រោយពីលោកបានថតសកម្មភាពក្រុមទាហាននៅអង្គភាពខាងលើវាយបុរសម្នាក់ដឹកប្រពន្ធមានផ្ទៃពោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ម៉ឹង វុទ្ធី ជាអ្នកសារព័ត៌មានបម្រើការនៅអង្គភាពគេហទំព័រ “ស្ពានមាស” ដែលអតីតជាមន្ត្រីយោធានៅអង្គភាពកងពលតូចថ្មើរជើងលេខ៧០ (ង៧០) បានឱ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌សម្រាប់លោកដែលជាជនរងគ្រោះក្នុងអំពើហិង្សាដែលបង្កឡើងដោយក្រុមទាហានក្នុងអង្គភាពខាងលើ។
លោក ម៉ឹង វុទ្ធី បានបញ្ជាក់ថា “យើងរងគ្រោះដែលត្រូវបានគេវាយបែកមុខមាត់។ យើងដាក់ពាក្យប្តឹង ដើម្បីស្វែងរកយុត្តិធម៌ ហើយយើងសង្ឃឹមថាកងរាជអាវុធហត្ថ រាជធានីភ្នំពេញនឹងជួយស្វែងរកយុត្តិធម៌ជូនយើង។
ជនរងគ្រោះដែលជាអ្នកសារព័ត៌មានខាងលើ បានឱ្យដឹងបន្ថែមថា មុនពេលកើតហេតុ លោកបានថតក្រុមនាយទាហាននៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៧០ (ង៧០) ដែលបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ដែលដឹកប្រពន្ធមានផ្ទៃពោះ បន្ទាប់ពីពួកគេបានជិះម៉ូតូបញ្ច្រាសហើយបានទៅបុកនឹងម៉ូតូរបស់គាត់ (ទាហាន) ដែលធ្វើឱ្យម៉ូតូរបស់បុរសនោះខូចខាត និងរងរបួស ប៉ុន្តែបែរជាក្រុមទាហាន ង៧០ បានស្តីបន្ទោស និងខឹងសម្បាជាមួយគាត់ (បុរសជាប្តីដឹកប្រពន្ធ) ហើយវាយទៅលើបុរសរូបនោះទៅវិញ។
លោក ម៉ឹង វុទ្ធី បានបន្តថា “ពេលដែលខ្ញុំឃើញហេតុការណ៍បែបនេះ ខ្ញុំក៏ចុះសួរ ហើយក៏ទាញម៉ាស៊ីនថតរូប ថតទាំងម៉ូតូដែលខូច និងម៉ូតូដែលជិះដោយទាហានកងពលតូចថ្មើរជើងលេខ៧០ (ង៧០) រួមនឹងសកម្មភាពជុំវិញ។ បន្ទាប់មកមានមនុស្សមួយចំនួនផ្សេងទៀតបានដើរចេញមកពីបន្ទាយវាយទៅលើប្តី ហើយគេចាប់ផ្តើមធ្វើសកម្មភាពវាយមកលើរូបខ្ញុំដើម្បីបំបិទមាត់”។
ជនរងគ្រោះបានបញ្ជាក់បន្ថែមថា នៅពេលដែលលោកបាននឹងកំពុងថតសកម្មភាពគ្រោះថ្នាក់ចរាចរណ៍នោះ ស្រាប់តែពួកទាហានកងពលតូចថ្មើរជើងលេខ៧០ (ង៧០) មានគ្នាប្រមាណជា ២០នាក់កញ្ឆក់យកទូរស័ព្ទរបស់លោក ដើម្បីយកទៅលុបវីដេអូដែលលោកបានថតពីសកម្មភាពដ៏អាក្រក់របស់ពួកគេ ប៉ុន្តែលោកមិនព្រមឱ្យលុប ពួកគេបានស្ទុះមកវាយលើរូបលោកបណ្ដាលឱ្យដួលរងរបួសធ្ងន់ធ្ងរឈាមហូរតាមច្រមុះ និងមាត់ហៀកក្លាក់។
ពាក់ព័ន្ធនឹងករណីហិង្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឱ្យដឹងថា “លោកមិនទាន់បានទទួលព័ត៌មានទាក់ទងនឹងករណីហិង្សានេះនៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថាជនរងគ្រោះអាចដាក់បណ្តឹងប្តឹង ហើយស្ថាប័នពាក់ព័ន្ធនឹងធ្វើការដោះស្រាយ”។
ទាក់ទងព័ត៌មានខាងលើនេះ កាសែត និងគេហទំព័រ “ ពន្លឺសន្តិភាព ” មិនទាន់អាចសុំការបំភ្លឺពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ (ង៧០) បាននៅឡើយទេនៅថ្ងៃនេះ៕
096 7976005_ 088 4777854