ខេត្តព្រៃវែង៖ បើទោះជាលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង រងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកសុី មន្ត្រីក្រោមឱវាទ រឿងបែកលានចេញនូវអំពើពុករលួយដ៏សុីជម្រៅផ្ទុយពីគោលការណ៍កំណែទម្រង់រដ្ឋបាល, ការណែនាំពី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា,បំពានពីគោលការណ៍របស់លោកឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈទង្វើគាត់បានប្រើវប្បធម៍ការងារតាមទម្លាប់ ក្តោបជុំពីសមាសភាពឈ្មួញរកសុីគេចពន្ធ , ឡានដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់, រថយន្តដឹកទំនិញបង់ពន្ធក្លែងភេទទំនិញ ឬបង់ពន្ធខុសពីយថាហេតុទំនិញ, ឡានក្រុងបង្កប់ទំនិញគេចពន្ធ, កៀបសង្កត់ បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡាន គិតជាខែ គ្រប់ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ៨ ដោយគាត់ប្រើមធ្យោបាយដោយយកអំណាចឥទ្ធិពល ក្នុងនាមខ្លួនមានតួនាទីភារកិច្ច ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធ ទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួនឯង បក្ខពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀត ក៏លោក កាំង លាង មិនទាន់ក្លាយជាកម្មវត្ថុដែលត្រូវលោកបណ្ឌិត គុណ ញឹម ដាក់ភាពសង្ស័យ តាមដាន ស្រាវជ្រាវ គឺហាក់មានទស្សនៈ«កន្ទេលធំបន្លំដេក» ឬក៏ត្រូវបានលោក កាំង លាង យកប្រភពសេដ្ឋកិច្ចក្នុងកម្រិតណាមួយទៅបំពេញតម្រូវការ«ឆ្នាំងបាយ» ទើបព្រងើយកន្តើយក្នុងរឿងនេះដល់បច្ចុប្បន្ន…?
អាចជាអំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធ គឺមានរបៀបធ្វើការ២បែប ទី១-ដោយលោក កាំង លាង ប្រឹងរកចំណូលពន្ធបង់ជូនរដ្ឋអោយគ្រប់តាមផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាសផង និងទី២-ប្រមូលព័ត៍មាន ក្តោបស្ថិតិពី ឈ្មួញរកសុីគេចពន្ធ , ឡានដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់, រថយន្តដឹកទំនិញបង់ពន្ធក្លែងភេទទំនិញ ឬបង់ពន្ធខុសពីយថាហេតុទំនិញ, ឡានក្រុងបង្កប់ទំនិញគេចពន្ធ,ដើម្បីអោយបក្ខពួក កូនចៅជាមនុស្សរបស់គាត់ទាញរកលុយពីឈ្មួញលក្ខណះក្រៅវិក័យបត្របង់ពន្ធចូលរដ្ឋ … គិតជាក្បាលឡាន គិតជាខែ ទៅតាមការត្រូវគ្នារវាងឈ្មួញនិងក្រុមដៃជើងគាត់ប្រមូលសេដ្ឋកិច្ចក្រៅផ្លូវការ។
មន្ត្រីរំលឹកថា៖ លោក កាំង លាង ប្រើតែមនុស្សរបស់គាត់ទុកចិត្ត«សុីមិនបែកធ្លាយ» ជួនជាជនសុីវិលយកមកធ្វើការដោយលក្ខណះបន្លំ ។ ដោយឡែកមន្ត្រីគយខ្លះមិនប្រើទេ ខ្លាចធ្លាយរឿងលុយខ្មៅ។ ដូច្នេះរាល់ការដឹកនាំរបស់លោក កាំង លាង គឺរកគ្រប់វិធីសាស្ត្រ ក្នុងន័យគម្រាម ដើរជាតួអង្គស្លូតជួយឈ្មួញផង អោយកូនចៅដើរតួកាចផង សំខាន់គាត់ប្រើយុទ្ធសាស្រ្តយកដៃទាំង២កូទឹកអោយល្អក់ រួចយកដៃទាំង ២រាវចាប់ត្រីទាំងអស់ពីក្នុងទឹកហ្នឹង។
ជាទម្លាប់«បើមិនបង់លុយគឺចាប់ ឬឆែកឆេរ» សំដៅរំខានឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ខណៈគាត់បានក្តោបព័ត៍មានជុំ ស្គាល់ពីក្រយ៉ៅ មុខឈ្មួញរកសុីគេចពន្ធ បង់ពន្ធមិនគ្រប់ បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាប ហើយបង់មិនគ្រប់ចំនួនថែមទៀត, ទំនិញបង្កប់ ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។
ឈ្មួញបានធ្លោយញឹកញាប់ថា៖ ករណីបង់លុយអោយលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង គឺបង់អោយខាងសាខាផង ក៏ត្រូវបង់អោយខាងគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក កាំង លាង ផង ទើបអាចដំណើរការដឹកជញ្ជូនទំនិញលោតឆ័ត្របាន បង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះនេះជាដើម ។ ក្នុងនោះលោក កាំង លាង បែកចែកឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនជា២ប្រភេទ៖ ទី១-បើឈ្មួញមានបុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ អន្តរាគមន៍ ជាមនុស្សរបស់លោកនេះ លោកនោះ ដែលខ្លួនគិតថាកៀបខ្លាំងរលាក គឺលោក កាំង លាង អោយបង់តែក្បាលឡានទេ ដោយ១ឡានយក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា គឺលោក កាំង លាង តម្រូវអោយបង់១ឡាន យក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែម ក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ១០០០០មុឺនដុល្លារ ។ ក្រៅពីបង់របៀបនេះ លោក កាំង លាង ក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយជាន់ទៀតទៅខាងគយចល័តក្រោមការគ្រប់គ្រងរបស់គាត់។ ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់ មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាសុឺន ប្រេងម៉ាសុឺន សត្វក្រួច ។ល។ ពិសេសសព្វថ្ងៃពេញនិយមណាស់រឿងឡានកុងតឺន័រដឹកទំនិញពីបរទេសប៉ែកអុឺរ៉ុប ហើយមកឡើងតាមច្រកអន្តរជាតិឆ្លងកាត់ផ្លូវជាតិលេខ១ ប្រភេទជាទំនិញលោតឆ័ត្ររាប់រយប្រភេទ គឺមានក្រុមហ៊ុនម៉ៅការរត់ការផ្លូវ មានន័យថា៖ បើមួយកុងតឺន័របង់ពន្ធស្របច្បាប់អស់ចាប់ពី១២០០០ដុល្លារ ឬ១៥០០០ដុល្លារ គេធានាយកត្រឹមមួយកុងតឺន័រត្រឹម៦០០០ដុល្លារ។ បញ្ហានេះសុទ្ធតែប្រភពសេដ្ឋកិច្ចដែលលោក កាំង លាង បានសុីចុកដោយស្ងាត់ស្ងៀមបំផុត ហើយលោក កាំង លាង ដឹងខ្លួនឯងច្បាស់ថាក្រុមហ៊ុនណាចេញមុខរត់(ឃ្លាទំនិញប្រភេទ)នេះឆ្លងកាត់ផ្លូវជាតិលេខ១…???
ក្រុមហ៊ុននិងឈ្មួញរត់ការបែបេះ ពួកគេត្រូវបង់លុយអោយលោក កាំង លាង ប្រចាំខែជាក្បាលឡាននិមួយៗ ទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។
ចំពោះទំនិញវិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ មានជាម៉ាសុឺន ម៉ាសុឺនដេរ កំណាត់ សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ដេរ ក៏លោក កាំង លាងបង្ខំអោយបង់លុយ១ឡាន២០ដុល្លារផងដែរ ជាលុយថ្លៃបាយទឹក។ ផ្ទុយទៅវិញករណីនេះ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង ត្រូវដឹងខ្លួនឯងថា៖ ខ្លួនមិនត្រឹមតែមិនគួយកលុយពីការដឹកជញ្ជូនរាល់ទំនិញវិនិយោគនាំចូលនោះទេ លោកត្រូវមានតួនាទីយ៉ាងសំខាន់លើកទឹកចិត្តក្រុមហ៊ុនវិនិយោគ ដោយសារគាត់នាំចូលយកមកផលិតក្នុងស្រុក ដូចជាវិស័យក្រុមហ៊ុនកាត់ដេរ បានស្រូបយកម្លាំងពលកម្មអោយពលរដ្ឋខ្មែរមានការងារធ្វើ ហើយរដ្ឋទទួលបានចំណូលពន្ធពេលផលិតបានជាផលិតផលសម្រេចបង់ពន្ធនាំចេញទៅក្រៅប្រទេសតាមការបញ្ជាទិញពីក្រុមហ៊ុនបរទេស ដូចជាប៉ែកអុឺរ៉ុបនេះជាដើម។
ការយកលុយពីរថយន្តកុងតឺន័រដឹកជញ្ជូនទំនិញវិនិយោគនាំចូលដែលពន្ធអាករជាបន្ទុករបស់រដ្ឋ មានន័យថា៖ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បាននឹងកំពុងអនុវត្តការងារផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលយ៉ាងពេញទំហឹង។
ករណី លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានជាប់ពាក់ព័ន្ធនិងអំពើពុករលួយយ៉ាងជ្រៅ ខណៈទឹកបាក់ទំនប់ស្រេកឃ្លាននិងផលប្រយោជន៍ លាភសក្ការៈ និងស្របពេលមេអង្គភាពក៏ត្រូវការអោយកូនចៅបន្តក់ ឬឆ្ងាញ់និងលុយខ្មៅនេះ ក៏មានមន្ត្រីគយខ្លះលើកឡើងថា៖ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង កំពុងមានមោទនភាព និងការបានលុយដោយការងារទម្លាប់ ប៉ុន្តែអំពើពុករលួយនេះអាចឈានដល់វិនាស ឬគ្រោះថ្នាក់ដល់តំណែង ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់ថ្នាក់លើ ក្នុងសម័យកំណែរទម្រង់រដ្ឋបាលសុីជម្រៅនៃប្រទេសគ្រប់គ្រងដោយច្បាប់នេះ។ ពួកគាត់បន្តថា៖ បច្ចុប្បន្នបញ្ហាលុយ គឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅគាត់ចុះក្រោមនោះទេ ប៉ុន្តែដល់មានរឿងបែកពាងប្រហុក ស្អុយឈ្មោះនិងរឿងអំពើពុករលួយ ប្រាកដណាស់ថា មេខាងលើមិនព្រមទទួលយករឿងទេ បានន័យថា៖ (សក់អ្នកណា ក្បាលអ្នកហ្នឹង) នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។
ពាក់ព័ន្ធករណីលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង យកលុយក្បាលឡាន អោយឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនបង់លុយប្រចាំខែ ផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ អង្គភាព «នគរដ្រេហ្គន» មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ តែកន្លងទៅធ្លាប់មានប្រសាសន៍ថា៖«សូមនិយាយឲ្យមានការពិតទេព្ដាមានភ្នែក លោកដឹងបុណ្យបាបមិនចាំបាច់ជាតិក្រោយទេ…សូមអរគុណ»។
គួរម្លឹកថា៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា មេត្តាពិនិត្យការងារគ្រប់គ្រងដោយលោក កាំង លាង គាត់ចាំបាច់អីដល់ត្រូវប្រើប្រាស់ជនសុីវិលក្លែងបន្លំជាគយចាំយកលុយឈ្មួញ ឬត្រូវប្រើមន្ត្រីគយពិតប្រាកដ ខ្លាចគេតាមប្រម៉ាញ់ដឹង..? ប៉ុន្តែលោក កាំង លាង មិនទាន់ទទួលស្គាល់ការពិតនៃអំពើពុករលួយរបស់ខ្លួនទេ រហូតដល់មន្ត្រីនិយាយយ៉ាងខ្លីថា៖ (គង់មានថ្ងៃលោកដឹងខ្លួន)។ ដោយឡែក លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ចំពោះការអនុញ្ញាតអោយទំនិញគេចចូល កាកសំណល់ចូល មេគយយកលុយលក្បាលឡាន និងគិតលុយប្រចាំខែ គឺកន្លងទៅលោកបានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ (មិនមានការអនុញ្ញាតទេ។ បើមានចូលមកសមត្ថកិច្ចត្រូវចាប់ឃាត់ភ្លាម)។ ផ្ទុយទៅវិញទំនិញគេចពន្ធកំពុងសម្រុកឆ្លងកាត់ផ្លូវជាតិលេខ១ ដែលឈ្មួញ និងក្រុមហ៊ុនទាំងនោះមិនត្រឹមតែស្គាល់ទំនាក់ទំនងល្អជាមួយ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង ប៉ុណ្ណោះទេ សូមតែ លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា និងភរិយាគាត់ ក៏ឈ្មួញទាំងនោះស្គាល់ច្បាស់ណាស់ ព្រោះជាប្រភពសេដ្ឋកិច្ចដែរ៕
គេហទំពរ័ ( ពន្លឺសន្តិភាព ) 088 4777854
0
មេគយ កាំង លាង រកចំណូលពីលុយខ្មៅនៃក្រុមឈ្មួញ និងក្រុមហ៊ុនដឹកទំនិញលោតឆ័ត្រឆ្លងកាត់ផ្លូវជាតិលេខ១ និងលេខ៨ ក្នុង១ខែៗរាប់សិបមុឺនសែនដុល្លារ
Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស